Features

ភាពយន្តភ័យរន្ធត់ ដែលល្បីបំផុតក្នុងឆ្នាំ២០១៦

Writer: Casey Chong



ឆ្នាំនេះ ឃើញថាខ្សែភាពយន្តបែបភ័យរន្ធត់ទទួលបានការគាំទ្រយ៉ាងខ្លាំង!

ពេលវេលាពិតជាដើរលឿនមែន មួយភ្លែតសោះហួសពាក់កណ្តាលឆ្នាំ២០១៦ទៅហើយ! ទោះបីជាឆ្នាំនេះ ពោរពេញទៅដោយខ្សែភាពយន្តនិយាយពីកំពូលវីរបុរស រឿងដែលត្រូវបានថតសារជាថ្មីឡើងវិញ និងរឿងភាគបន្តជាច្រើន កុំភ្លេចថាឆ្នាំ២០១៦បានបង្ហាញឲឃើញយ៉ាងច្បាស់ថា ជាឆ្នាំដ៏ជោគជ័យសម្រាប់រឿងបែបភ័យខ្លាចព្រឺព្រួច។ វាជាការពិតណាស់ដែលរឿងបែបភ័យរន្ធត់សព្វថ្ងៃនេះ ភាគច្រើនតែងទទួលបានកិត្តិនាមអាក្រក់ ប៉ុន្តែឆ្នាំនេះជាករណីលើកលែង។

និយាយទាក់ទងទៅនឹងប្រធានបទនេះ ខាងក្រោម គឺជាជម្រើសរបស់ពួកយើងទៅលើស្នាដៃរឿងបែបភ័យខ្លាចដ៏ល្អបំផុត ដែលពួកយើងបានទស្សនាក្នុងឆ្នាំ២០១៦។ លើសពីនេះទៅទៀត កុំភ្លេចមើលជម្រើសរបស់ពួកយើងទៅលើរឿងភ័យរន្ធត់មួយចំនួនដែលគួរទន្ទឹងចាំមើល ដែលនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ! ដល់រដូវកាលបុណ្យហាឡូវីន (Halloween) តើមានអ្វីដែលល្អប្រសើរជាងការមើលរឿងភ័យរន្ធត់ ពញ្ញាក់អារម្មណ៏ខ្លួនឯងលេងៗនោះ?

រឿងដែលល្អបំផុតសម្រាប់ឆ្នាំ២០១៦មកទល់ពេលនេះ...

១. "10 Cloverfield Lane"

Mary Elizabeth Winstead និង John Goodman ក្នុងឈុតមួយនៃរឿង "10 Cloverfield Lane"

មិនមែនជាភាគបន្ត តែជាស្នាដៃដែលបង្គ្រប់ន័យឲគ្នាទៅវិញទៅមក ឬតាមការពណ៌នាផ្ទាល់របស់អ្នកដឹកនាំ J.J. Abrams ជា "អ្នកស្នងតំណែង" ឬ "សាច់ញាតិលោហិត" ទៅនឹង "Cloverfield" ដែលជាខ្សែភាពយន្តដែលទទួលបានភាពជោគជ័យដ៏នឹកស្មានដល់នោះ គឺរឿង "10 Cloverfield Lane" ដែលបានជាសចេញពីការថតបែបខ្សែវីដេអូដែលគេបានរកឃើញ (found footage) នៃរឿងដើម ហើយបែរទៅរកការថតបែបធម្មតាវិញ។ វាជាការសម្រេចចិត្តដ៏ប្រថុយប្រថាន ដែលអាចជោគជ័យ ឬបរាជ័យបានយ៉ាងងាយ ប៉ុន្តែសំណាងល្អ ដែលអ្នកដឹកនាំរឿងលើកដំបូង Dan Trachtenberg យល់ដឹងច្បាស់ពីរបៀបរៀបចំ និងប្រើប្រាស់ទីកន្លែងថតរឿងដ៏តូចចង្អៀតនៃលេណដ្ឋានក្រោមដីនោះ បានយ៉ាងល្អ បង្កឲមានភាពញញើតភ័យខ្លាចនឹងទីចង្អៀត។

ចំណែកឯសាច់រឿងវិញមានដំណើរដើមទងដូចនេះ Michelle (Mary Elizabeth Winstead) បានជួបនឹងគ្រោះថ្នាក់ចរាចរណ៏នាពេលយប់អាធ្រាត្រមួយ ហើយបានងើបដឹងខ្លួនឡើងក្នុងលេណដ្ឋានក្រោមដីមួយកន្លែង។ មិនយូរប៉ុន្មាន នាងបានជួបនឹងបុរសអាថ៌កំបាំងមួយរូបឈ្មោះ Howard (John Goodman) ដែលបានជួយសង្គ្រោះជីវិតនាង ហើយប្រាប់នាងថានៅខាងក្រៅមិនមានសុវត្ថិភាពដោយសារមានហេតុការណ៏វាយប្រហារដោយសារធាតុគីមីមួយ។

គ្រាន់តែទីកន្លែងថត គឺពិតជាគួរឲចាប់អារម្មណ៏ខ្លាំង រីឯសាច់រឿងក៏ត្រូវបានលាតត្រដាងបន្តិចម្តងៗពី ស្រទាប់មួយទៅស្រទាប់មួយ ដើម្បីទុកអ្នកទស្សនាមានចម្ងល់ និងធ្វើការទស្សន៏ទាយតាំងពីដើមរហូតដល់ចប់។ តួយ៉ាងដូចជា សំនួរថាតើ Howard ពិតជាប្រាប់ការពិតមែនឬ ពីហេតុការណ៏វាយប្រហារដោយសារធាតុគីមីដែលខ្លួនបានអះអាងនោះ?

រឿងនេះក៏អាចទៅរួចបាន ដោយសារការខិតខំប្រឹងប្រែងរបស់ John Goodman ក្នុងការដាក់ចិត្តសម្តែងតួអង្គដ៏សម្បូរអាថ៌កំបាំងរបស់លោកនេះ។ គ្មានមន្ទិលសង្ស័យអ្វីឡើយ ដែលគាត់ជាអ្នកជួយចងភ្ជាប់សាច់រឿងបានយ៉ាងល្អ ជាមួយសមត្ថភាពសម្តែងដ៏បុិនប្រសប់របស់គាត់។ អ្វីដែលគួរឲលើកយកមកនិយាយផងនោះដែរ គឺ Mary Elizabeth Winstead ដែលបានបញ្ចេញការសម្តែងយ៉ាងស្វាហាប់ ជាតួអង្គ Michelle។.

២. "The Conjuring 2"

Vera Farmiga ជួបជាមួយដូនជីបិសាច Valak ក្នុង "The Conjuring 2"

កាលពីឆ្នាំ២០១៣ តើមាននរណាម្នាក់ដែលអាចនឹកស្មានដល់ ថារឿងបែបភ័យរន្ធត់ដ៏តូចតាចមួយ អាចទទួលបានជោគជ័យនៅកន្លែងលក់សំបុត្រ (Box Office) យ៉ាងខ្លាំង ជាពិេសសនៅក្នុងរដូវកាលដែលរោងកុនពោរពេញទៅដោយរឿងកំពុងចាក់បញ្ចាំងនោះ? មែនហើយ អ្នកដឹកនាំសម្បួរបទពិសោធន៏ចំពោះរឿងប្រភេទនេះ James Wan អាចធ្វើបានយ៉ាងជោគជ័យជាមួយ "The Conjuring" ហើយ៣ឆ្នាំក្រោយមក គាត់ក៏បានត្រលប់មកវិញម្តងទៀត ជាមួយភាគបន្តដែលមានការទន្ទឹងរង់ចាំយ៉ាងខ្លាំងពីទស្សនិកជន។ "The Conjuring 2" បានបន្តជាមួយដៃគូប្តីប្រពន្ធ Lorraine និង Ed Warren (Bera Farmiga និង Patrick Wilson) ក្រុមអ្នកស៊ើបអង្កេតបែបភាពមិនប្រក្រតីធម្មតា (paranormal) ដែលបានធ្វើការស៊ើបអង្កេតទៅលើព្រឹត្តិការណ៏អធិធម្មជាតិមួយចំនួនកំពុងកើតឡើងក្នុងផ្ទះរបស់គ្រួសារ Hodgsons នៅ North London។

និយាយឲចំទៅ រឿងភាគបន្តនេះ នឹងផ្តល់នូវអ្វីៗថ្មីច្រើនជាងរឿងដំបូងកាលពីឆ្នាំ២០១៣។ ការពញ្ញាក់អារម្មណ៏ គឺកាន់កើនឡើងតែផ្ទួនៗ ហើយ Wan បានប្រើប្រាស់យ៉ាងខ្លាំងនូវបច្ចេកវិទ្យា CGI ដែលក្នុងនោះមានតួអង្គស្រដៀងទៅនឹងតួអាក្រក់ព្យាបាទនៃ "Babadook"។ អ្វីដែលពិសេសគឺ រឿងនេះមិនចាញ់បើប្រៀបទៅនឹងរឿងមុនទេ។ Wan នៅតែដឹងច្បាស់ពីរបៀបបន្លាចទស្សនិកជនយ៉ាងញញឺតតុកស្លុត ជាមួយល្បិចឆ្ពិនភ្នែកដ៏ប៉ិនប្រសប់របស់គាត់។ បូកផ្សំជាមួយប្រអប់ភ្លេងដ៏ព្រឺឆ្អឹងខ្នងរបស់ Joseph Bishara និងបច្ចេកទេសថតភាពយន្តយ៉ាងរលូន របស់ Don Burgess និងបែបផែនសម្លេងយ៉ាងព្រឺព្រួចនោះ រឿង "The Conjuring 2" នៅតែមានភាពរន្ធត់ព្រឺព្រួចខ្លាំង។ មិនតែប៉ុណ្ណោះ Wan បានធានាថាតារាសម្តែងនីមួយៗ ត្រូវបានផ្តល់ឱកាសឲចែងចាំងជាមួយតួអង្គរៀងៗខ្លួន។ ដូចដែលបានបង្ហាញឲឃើញក្នុងរឿងដើមឆ្នាំ២០១៣ Vera Farmiga និង Patrick Wilson នឹងបន្តក្នុងការបញ្ចេញសមត្ថភាពសម្តែងដ៏អស្ចារ្យ ជាមួយតួអង្គរបស់ពួកគេ។

៣. "Lights Out"

Teresa Palmer ក្នុងឈុតមួយនៃរឿង "Lights Out"

ផ្អែកទៅលើរឿងខ្នាតខ្លីឆ្នាំ២០១៣របស់ David F. Sandberg ដែលមានចំណងជើងដូចគ្នានេះ "Lights Out" កំណត់សម្គាល់ស្នាដៃដឹកនាំរឿងខ្នាតធំជាលើកដំបូងរបស់គាត់ ហើយខ្សែភាពយន្តនេះរកប្រាក់ចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅហើយនៅកន្លែងលក់សំបុត្រ (Box Office) ទោះបីជាកាថវិកាផលិតចំណាយអស់ត្រឹមប្រមាណ ៤.៩លានដុល្លារក៏ដោយ។

រឿងនេះផ្តោតទៅលើ Rebecca (Teresa Palmer) ដែលត្រូវពុះពារយកឈ្នះបញ្ហាគ្រួសារជាមួយម្តាយរបស់នាង Sophie (Maria Bello) ដើម្បីជួយប្អូនប្រុសនាង Martin (Gabriel Bateman) ពីខ្មោចដ៏អាក្រក់ព្យាបាទមួយ។ សាច់រឿងសង្ខេបនេះប្រហែលជាស្តាប់ទៅដូច ជារឿងដែលលោកអ្នកធ្លាប់បានស្តាប់ ឬមើលពីមុនមក។ ប៉ុន្តែ "Lights Out" អាចទទួលភាពជោគជ័យបាន ដោយសារ Sandberg បានប្រើប្រាស់យ៉ាងប៉ិនប្រសប់ នូវភាពងងឹត ដើម្បីបង្កើតឈុតពញ្ញាក់អារម្មណ៏ដ៏រន្ធត់មួយចំនួន។ ការបិទ និងបើកភ្លើង នឹងមិនដូចពីមុនទៀតឡើយ ក្រោយពីបានទស្សនារឿងនេះក្នុងរោងកុន (ប្រហែលជាឥឡូវនៅមិនទាន់អីទេ)។

៤. "The Shallows"

Blake Lively ព្យាយាមយកឈ្នះការប្រយុទ្ធជាមួយត្រីឆ្លាមក្នុងរឿង "The Shallows"

ឆ្នាំថ្មីមកដល់ រឿងដែលចង់ក្លាយជា "Jaws" មួយទៀតក៏បានលេចមុខ ខុសគ្នាត្រង់ថារឿងបែបភ័យរន្ធត់ព្រឺព្រួចទាក់ទៅនឹងត្រីឆ្លាម "The Shallows" របស់ Jaume Collet-Serra មួយនេះ គឺសំណាងល្អមិនមែនជាការបរាជ័យឡើយ។ សាច់រឿង និងទីកន្លែងថតរឿងមានភាពសាមញ្ញខ្លាំង គឺស្ត្រីវ័យក្មេងមួយរូប (Blake Lively) បានជាប់នៅលើកោះថ្មដ៏តូចមួយ ក្រោយពីបានជួបប្រទះជាមួយត្រីឆ្លាមសយក្សឃ្លានស៊ីសាច់មួយក្បាល។ វាជាទីតាំងដ៏សមស្របអស្ចារ្យ សម្រាប់ថតរឿងមួយនេះ ហើយ Collet-Serra យល់ច្បាស់ពីរបៀបរៀបចំឈុតឆាកដ៏គួរឲញញើតពិតៗ គ្រប់ពេលដែលតួរបស់ Lively ជួបឧបសគ្គ និងតស៊ូពុះពារដើម្បីជីវិតរបស់នាង នៅកណ្តាលផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ។ មិនតែប៉ុណ្ណោះ សកម្មភាពរបស់ត្រីឆ្លាមមានភាពប្រសើរក្រៃលែង គឺសត្វស៊ីសាច់មួយក្បាលនេះ មានភាពរស់រវើកដូចពិតៗតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា CGI។

ក្រៅពីត្រីឆ្លាម នៅមានការភ្ញាក់ផ្អើលដ៏គួរឲកោតសរសើរមួយទៀត គឺ Blake Lively ដែលត្រឹមតែការសម្តែងរបស់នាងតែម្នាក់ឯង ក៏អាចធ្វើឲសាច់រឿងប្រព្រឹត្តទៅយ៉ាងរលូន។ និយាយទៅ វាដូចជារឿងដែលមានតែនាងម្នាក់ឯង ជាមួយសមត្ថភាពសម្តែងដ៏គួរឲស្ញប់ស្ញែងរបស់នាង ជាតួអង្គ Nancy ដែលគួរឲអាណិតអាសូរខ្លាំងនៅក្នុងរឿង។

៥. "Train To Busan"

Gong Yoo ក្នុងឈុតមួយនៃរឿង "Train To Busan"

វាប្រហែលជារឿងខ្មោចឆៅដំបូងដែលត្រូវបានផលិតផ្ទាល់ដោយប្រទេសកូរ៉េក៏ពិតមែន ប៉ុន្តែ Yeon Sang-Ho បានបង្ហាញពីសមត្ថភាពរបស់គាត់ជាជើងចាស់មានបទពិសោធន៏ក្នុងរឿងប្រភេទនេះ តាមរយៈការដឹកនាំផលិតភាពយន្តខ្នាតធំជាលើកដំបូង ដែលពោរពេញទៅដោយសកម្មភាពព្រឺព្រួច គឺ "Train To Busan"។ ធ្លាប់មានកេរ្តិ៏ឈ្មោះជាអ្នកផលិតរឿងភ័យរន្ធត់បែបគំនូជីវចល ដូចជា "The King Of Pigs" និង "The Fake" លោក Sang-Ho បានប្រើប្រាស់យ៉ាងស្ទាត់ជំនាញនូវរូបមន្តក្នុងការផលិតរឿងខ្មោចឆៅ ដោយផ្តល់ឲអ្នកគាំទ្រស្រឡាញ់រឿងប្រភេទនេះ នូវភាពភ័យខ្លាច និងភាពឃេារឃៅដែលពួកគេត្រូវការចង់បាន។

ប៉ុន្តែ "Train To Busan" មិនត្រឹមតែជារឿងបែបខ្មោចឆៅលក្ខណៈងំមធ្យមនោះទេ។ លោក Sang-Ho ថែមទាំងអាចពង្រឹងសាច់រឿងដែលតាមធម្មតាជាភាពយន្តខ្មោចឆៅដដែលៗនេះ ជាមួយបទអត្ថាធិប្បាយយ៉ាងឆ្លាតវៃ បែបនយោបាយសង្គម ទាក់ទងទៅនឹងការបែងចែកថ្នាក់សង្គម ភាពលោភលន់របស់ពួកសាជីវកម្មធំៗ និងភាពអាត្មានិយមរបស់មនុស្ស។ រឿងនេះក៏ត្រូវបានប្រមូលផ្តុំជាមួយក្រុមតារាសម្តែងដ៏មានសមត្ថភាព រួមមានការសម្តែងដែលលួចកញ្ឆក់អារម្មណ៏ទស្សនិកជនរបស់ Ma Dong-Seok ដែលដើរតួជា Sang-hwa បុរសសាច់ដុំខ្លាំងមាំមួន តែចិត្តល្អ និង ការសម្តែងធ្វើតួអាក្រក់ដ៏ល្អឥតខ្ចោះរបស់ Kim Eui-Sung ជា Yong-guk អ្នកជំនួញអាត្មានិយមគិតតែពីខ្លួនឯង។

៦. "Blair Witch"

ឈុតដ៏គួរឲព្រឺសម្បុរមួយក្នុងរឿង "Blair Witch"

១៧ឆ្នាំក្រោយពី Daniel Myrick និងEduardo Sanchez បានពញ្ញាក់អារម្មណ៏ទស្សនិកជនជុំវិញពិភពលោករួចមក ជាមួយ "The Blair Witch Project" ដែលជារឿងបែបខ្សែវីដេអូដែលគេរកឃើញ (found footage) ដ៏គួរឲខ្លាចនោះ ស៊េរីរឿងនេះបានត្រលប់មកវិញជាមួយសាច់រឿងភាគបន្តដែលមិនគួរឲនឹកស្មានដល់។ ថតជាលក្ខណៈសម្ងាត់ក្រោមការបន្លំចំណងជើងជា "The Woods" អ្នកដឹកនាំរឿង Adam Wingard បានធ្វើដំណើរទៅកាន់ព្រៃ Maryland ម្តងទៀត ដែលក្នុងរឿងនេះ James (James Allen McCune) និងមិត្តភក្តិរបស់គេ បានទៅស្វែងរកបងស្រី ដែលបានបាត់ខ្លួនជាយូរមកហើយនោះ (មែនហើយ! Heather Donahue ក្នុងរឿងដើមកាលពីឆ្នាំ១៩៩៩)។

មិនមែនជាវត្តមានប្លែកមុខ ក្នុងការដឹកនាំផលិតរឿងបែបភ័យរន្ធត់ដែលមានការទទួលស្គាល់យ៉ាងខ្លាំង ដូចជារឿង "You're Next" និង រឿង "V/H/S" ទាំងពីរ ទោះបីជា Adam Wingard មិនអាចឈានទៅដល់ភាពអស្ចារ្យនៃរឿងដើមឆ្នាំ១៩៩៩ក៏ដោយ ប៉ុន្តែគាត់ពិតជាដឹងច្បាស់ពីរបៀបធ្វើឲអ្នកទស្សនាតានតឹង និងជ្រួលច្រាលក្នុងចិត្ត ជាមួយការពញ្ញាក់អារម្មណ៏យ៉ាងព្រឺព្រួច។ អ្វីដែលពិសេសជាងនេះទៅទៀត វាជាការរីកចម្រើនដ៏គួរឲកត់សម្គាល់ពីរឿង "Book Of Shadows: Blair Witch 2" (២០០០) ដែលទទួលបានការរិះគន់យ៉ាងខ្លាំង។

៧. "The Wailing"

Kwak Do-Won ក្នុងឈុតមួយនៃរឿង "The Wailing"

បើមានរឿងបែបភ័យរន្ធត់របស់កូរ៉េមួយណាទៀតក្នុងឆ្នាំ២០១៦ដែលគួរឲទស្សនា ក្រៅពី "Train To Busan" នោះគឺពិតជារឿង "The Wailing"។ ក្លាយជារឿងដែលទទួលបានជោគជ័យយ៉ាងខ្លាំងរួចទៅហើយនៅប្រទេសកូរ៉េ និងត្រូវបានទទួលការស្ងើចសរសើរពីអន្តរជាតិយ៉ាងច្រើន ក្រោយពីបានចាក់បញ្ចាំងនៅតាមកម្មវិធីមហោស្រពភាពយន្តផ្សេងៗ "The Wailing" ផ្តោតទៅលើប៉ូលីសមួយរូប (Kwak Do-Won) ដែលបានស៊ើបអង្កេតហេតុការណ៏អាថ៌កំបាំងមួយចំនួន ដែលបានកើតឡើងបន្តបន្ទាប់គ្នា នៅក្នុងភូមិតូចមួយនៃ Goksung។

មិនមែនគ្រាន់តែជាខ្សែភាពយន្តបែបភ័យខ្លាចធម្មតាៗ អ្នកដឹកនាំរឿង លោក Na Hong-Jin ("The Chaser" និង "The Yellow Sea") បានកែប្រែផ្លាស់ប្តួរប្រភេទភាពយន្តនេះ ដោយច្របាច់បញ្ចូលធាតុនៃប្រភេទភាពយន្តផ្សេងៗទៀតជាច្រើន រួមមានឃាតកម្មអាថ៌កំបាំង អធិធម្មជាតិរន្ធត់តុកស្លុត ខ្មោចឆៅ និងមានទាំងកំប្លែងទៀតផង។ មែនហើយ! វាពិតជាមានភាពចម្លែក ក្នុងការលាយឡំប្រភេទរឿងជាច្រើនចូលក្នុងខ្សែភាពយន្តតែមួយ ប៉ុន្តែ "The Wailing" ជារឿងបែបរន្ធត់ដ៏ថ្មីប្លែកភ្នែក ដែលមិនគួរមើលរំលងពេលដែលចាក់បញ្ចាំងនៅតាមរោងកុនខ្មែរនានា នៅចុងខែតុលានេះ។

៨. "Rings"

ឈុតមួយដ៏គួរឲខ្លាចក្នុងរឿង "Rings"

តើមាននៅចាំ Samara ក្មេងស្រីសក់វែង ដ៏គួរឲភ័យខ្លាចម្នាក់នោះទេ? នាងនឹងវិលត្រលប់មកវិញសារជាថ្មីម្តងទៀត ដើម្បីពញ្ញាក់អារម្មណ៏និងបន្លាចទស្សនិកជនកាន់តែខ្លាំង ក្នុងភាពយន្តដែលត្រូវបានទន្ទឹងរង់ចាំជាយូរ ដែលជាភាគបន្តនៃរឿងហូលីវូដ "The Ring" (២០០២) និង "The Ring Two" (២០០៥)។ ត្រូវបានឲចំណងជើងយ៉ាងសាមញ្ញថា "Rings" ខ្សែភាពយន្តវគ្គទីបីនេះ កើតឡើងរយៈពេល១៣ឆ្នាំក្រោយហេតុការណ៏នៃរឿងដំបូង ដែលពេលនេះ Samara (Bonnie Morgan ជំនួសឲ Daveigh Chase) កំពុងតែបំភ័យបន្លាចគូសង្សារមួយគូ (Matilda Lutz និង Alex Roe)។

ទោះបីជាការនិយមមើលរឿងភ័យខ្លាចរបស់ជប៉ុនបានកន្លងផុតទៅហើយ វានៅតែគួរឲចាប់អារម្មណ៏ក្នុងការទន្ទឹងចាំទស្សនាមើល ថាតើអ្នកដឹកនាំរឿងជនជាតិអេស៉្បាញ F.Javier Gutiérrez ("Before The Fall") មួយរូបនេះ នឹងនាំយកអ្វីថ្មីមកបញ្ចូលក្នុងរឿងទីបីនេះ។ វាពិតជាមានរយៈពេលយូរមកហើយ ដែលរឿង "Ring" ក្រោយបំផុតបានចាក់បញ្ចាំង ហើយបច្ចេកវិទ្យាបានរីកចំរើនកាន់តែខ្លាំងហួសពីកាសែតវីដេអូ និងឈុតទូរទស្សន៏ធំៗតាំងពីពេលនោះមក។

៩. "Shut In" (១០ វិច្ឆិកា)

Naomi Watts ក្នុងឈុតមួយនៃរឿង "Shut In"

Naomi Watts មិនមែនជាតួឯកស្រីប្លែកមុខឡើយក្នុងភាពយន្តបែបភ័យខ្លាចរន្ធត់ ជាពិេសសនៅពេលដែលនាងធ្លាប់ជាតួឯកស្រីក្នុងរឿង "Rings" ដំបូងទាំងពីរ។ ក្នុងរឿង "Shut In" នាងដើរតួជាគ្រូពេទ្យចិត្តសាស្ត្រក្មេង នៅម៉េម៉ាយមួយរូប ដែលរស់នៅតែម្នាក់ឯងក្នុងតំបន់ដាច់ស្រយាលមួយនៃ New England។ អំឡុងពេលព្យុះរដូវវស្សាដ៏ខ្លាំងមួយ នាងបានជួយសង្គ្រោះក្មេងប្រុសម្នាក់រួចពីការស្លាប់ (ដើរតួដោយ Jacob Tremblay ដែលត្រូវបានទទួលស្គាល់ពីសមត្ថភាពសម្តែងដ៏ប៉ិនប្រសប់ ក្នុងរឿង "Room" និងរឿងភ័យរន្ធត់បែបអធិធម្មជាតិ "Before I Wake")។

ដឹកនាំសម្តែងដោយអ្នកដឹកនាំជើងចាស់បទពិសោធន៏ពេញខ្លួន Farren Blackburn ដែលមានកេរ្តិ៏ឈ្មោះក្នុងការផលិតរឿងភាគសម្រាប់ទូរទស្សន៏ ដែលទទួលបានការស្ងើចសរសើរយ៉ាងខ្លាំងដូចជា "Doctor Who" និង "Daredevil", រឿង "Shut In" កំណត់សម្គាល់ការដឹកនាំផលិតខ្សែភាពយន្តខ្នាតធំលើកដំបូងរបស់គាត់។ គាត់មានសំណាងយ៉ាងខ្លាំង ជាមួយតួសម្តែងដែលពោរពេញទៅដោយសមត្ថភាព សម្រាប់ខ្សែភាពយន្តមួយនេះ ដូចជា Naomi Watts និង Jacob Tremblay ហើយទីកន្លែងថតរឿងដែលស្ថិតនៅក្នុងផ្ទះបិទជិត ជាបរិវេណដ៏ល្អក្នុងការបង្កឲមានអារម្មណ៏ភ័យខ្លាចទីចង្អៀត បើធ្វើបានល្អត្រឹមត្រូវ។

១០. "The Witch"

Anya Taylor-Joy ក្នុងឈុតដ៏ញាក់សាច់មួយនៃរឿង "The Witch"

សរសេរមួយបែបទៀតជា "The VVitch" ខ្សែភាពយន្ត ដែលជាស្នាដៃដឹកនាំផលិតរឿងខ្នាតធំលើកដំបូង របស់លោក Robert Egger ត្រូវបានទទួលការកោតស្ញប់ស្ញែងពីអ្នករិះគន់រួចទៅហើយ តាំងពីការចាក់បញ្ចាំងជាលើកដំបូងនៅតាមកម្មវិធីមហោស្រពភាពយន្តផ្សេងៗ កាលពីឆ្នាំទៅ។

កើតឡើងក្នុងពាក់កណ្តាលសតវត្សទី១៧ នៅ New England គ្រួសារមួយត្រូវបានបណ្តេញចេញពីភូមិ និងបង្ខំឲរស់នៅក្នុងភាពនិរទេសខ្លួននៅកណ្តាលព្រៃ។ មិនយូរប៉ុន្មាន ព្រឹត្តិការណ៏អាថ៍កំបាំងមួយចំនួនបានកើតឡើងជាបន្តបន្ទាប់ រហូតធ្វើឲផ្លូវចិត្តរបស់គ្រួសារមួយនេះ ឈានដល់ចំណុចបាក់ស្បាត។

ខុសប្លែកពីរឿងបែបភ័យរន្ធត់សម័យឥឡូវ ដែលពឹងផ្អែកខ្លាំងទៅលើការពញ្ញាក់អារម្មណ៏ Eggers បានប្រើប្រាស់់វិធីថតខ្សែភាពយន្តបែបធម្មតា ដែលមានល្បឿនមិនប្រញាប់ប្រញាល់ និងការបំភ័យបន្លាចមានលំងាកទៅរកឥទ្ធិពលនៃការគិតរបស់ទស្សនិកជន។ មែន! រឿងនេះអាចមានល្បឿនយឺតខ្លាំងសម្រាប់អ្នកដែលមានការប្រុងស្មារតីរយៈពេលខ្លី ប៉ុន្តែអ្វីដែលនាំឲរឿង "The Witch" ក្លាយជាប្រធានបទពិភាក្សារបស់ក្រុមអ្នករិះគន់ គឺសមត្ថភាពយ៉ាងប៉ិនប្រសប់របស់ Eggers ក្នុងការប្រើប្រាស់តិចនិកថតភាពយន្ត ដែលរំជើបរំជួលអារម្មណ៏ទស្សនិកជន និងបង្កបរិយាកាសប្រផ្នូលអាក្រក់ ដែលធ្វើឲមានភាពតានតឹង និងអារម្មណ៏ព្រឺព្រួចរឹតតែខ្លាំង។ អ្នកដែលចូលចិត្តទស្សនារឿងបែបរន្ធត់ ដែលពោរពេញទៅដោយការបង្ហូរឈាម ប្រហែលជាខកចិត្ត ប៉ុន្តែសម្រាប់អ្នកដែលទន្ទឹងរង់ចាំរឿងដែលបង្កប់ទៅដោយបរិយាកាសព្រឺសម្បុរ និងមានភាពមិនប្រាកដប្រជា អាចនឹងចាប់អារម្មណ៏ក្នុងការទស្សនារឿងមួយនេះ។

Cinema Online, 31 October 2016


Related Movies:
Shut In (11 Nov 2016)
Rings (02 Feb 2017)
Blair Witch (03 Oct 2016)
Train To Busan (Korean) (01 Sep 2016)
The Shallows (05 Jul 2016)
Lights Out (25 Jul 2016)
The Conjuring 2 (10 Jun 2016)
10 Cloverfield Lane (31 Mar 2016)

Jwplayer article page COKH (English)

You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes