Features

ភាពយន្តមិនគួររំលងក្នុងខែមេសាឆ្នាំ 2019

Writer: Casey Lee



តើក្នុងចំណោមភាពយន្តទាំងនេះ អ្នកនឹងទស្សនាមួយណាខ្លះ?

ខែមេសាបានមកដល់ហើយ ហើយកំពូលវីរបុរសជាច្រើនរូបនឹងធ្វើការប្រយុទ្ធយ៉ាងអស្ចារ្យអស់ពីសមត្ថភាពរបស់ពួកគេ។ ខណៈពេលដែល Marvel នឹងបញ្ចប់សាច់រឿងដ៏អស្ចារ្យបំផុតមួយក្នុងពិភព Marvel Cinematic Universe របស់ខ្លួន ចំណែកឯ DC នឹងបើកឆាកសាច់រឿងថ្មីមួយដែលនឹងពង្រីកខ្លួនលើសពីសមាជិកស្នូលនៃក្រុម Justice League។

ខណៈពេលដែលកំពូលវីរបុរសកំពុងជាការពិភាក្សាយ៉ាងក្ដៅគគុក (រួមទាំងការបង្ហើបសាច់រឿងតិចៗ) ពេញក្នុងមួយខែនេះ អ្នកដែលស្វែងរកអ្វីផ្សេងក្នុងការទស្សនាកម្សាន្តអាចសប្បាយចិត្តបានដោយខែមេសានឹងមាននូវភាពយន្តផ្សេងៗទៀតជាច្រើនប្រភេទ។

មិនចាំបាច់និយាយច្រើនទៀតឡើយ ទាំងនេះជាភាពយន្តទាំងឡាយដែលអ្នកមិនគួរមើលរំលងក្នុងខែមេសាឆ្នាំ 2019!

Shazam!

ភាពយន្ត "Captain Marvel" របស់ Marvel ទើបនឹងចេញកាលពីខែមុននេះទេ ហើយឥឡូវដល់វេនរបស់ DC ក្នុងការណែនាំ Captain Marvel របស់ពួកគេវិញម្តង។ ត្រូវបានប្តូរឈ្មោះជាផ្លូវការទៅជា Shazam វិញ Billy Batson ត្រូវបានបញ្ជូនទៅរស់នៅផ្ទះថ្មីមួយកន្លែង នៅពេលដែលគាត់ត្រូវបានជ្រើសរើសដោយគ្រូធ្មប់បុរាណម្នាក់។ ខណៈពេលដែល Batson កំពុងព្យាយាមគ្រប់គ្រងថាមពលពិសេសថ្មីរបស់គាត់ មានកម្លាំងមួយផ្សេងទៀតកំពុងតាមដណ្តើមយកមកវិញនូវអ្វីដែលជារបស់ខ្លួន។ បន្ទាប់ពីបានបង្កើតភាពយន្តបែបងងឹតនិងក្រៀមក្រំជាច្រើនមកក្នុងពិភព DCEU ដែលក្រោយមកមានភាពប្រសើរជាងមុនជាមួយ "Aquaman" អ្នកដឹកនាំ David F. Sandberg និងអ្នកនិពន្ធរឿង Henry Gayden និង Darren Lemke នឹងនាំយកនូវភាពសប្បាយរីករាយនិងកំប្លែងជាមួយកំពូលវីរបុរសដ៏រាក់ទាក់រូបនេះ។ ខណៈពេលដែល Zachary Levi នឹងបាញ់ចរន្ដរន្ទះយ៉ាងសប្បាយរីករាយ Mark Strong នឹងនាំយកនូវភាពស្រអាប់ងងឹតមកក្នុងភាពយន្តថ្មីរបស់ពិភព DCEU នេះ (ដែលយើងសង្ឃឹមថានឹងមិនសម្លាប់មនុស្សជុំវិញច្រើនដូចកាលពី "Man of Steel" ឡើយ)។

ថ្ងៃចាក់បញ្ចាំងទូទៅ៖ 5 មេសា

Hellboy

វាអស់ពេលជាងមួយទសវត្សមកហើយតាំងពីភាពយន្ត "Hellboy: The Golden Army" ហើយពួកយើងបានទន្ទឹងរង់ចាំវគ្គបន្តយ៉ាងយូរ ប៉ុន្តែទីបំផុតពួកយើងនឹងទទួលបានភាពយន្តបង្កើតឡើងវិញទៅវិញ។ ភាពយន្តនេះពឹងផ្អែកទៅលើសៀវភៅត្លុកចំនួនបីភាគពីស៊េរីរឿងនេះ ដែលក្នុងនោះសាច់រឿងនឹងផ្តោតទៅលើការកំចាត់មេធ្មប់ដែលមានជីវិតអមតៈម្នាក់។ មិនតែប៉ុណ្ណោះពួកយើងនឹងទទួលបានតារាសម្តែងថ្មីសម្រាប់ Hellboy ផងដែរ ដែលត្រូវបានដើរតួដោយ David Harbour។ ចំណែកឯ Milla Jovovich នឹងសម្តែងជាមេធ្មប់ដែលមានជីវិតអមតៈមួយរូប។ ខណៈពេលដែលអ្វីៗនឹងមានភាពចម្លែកដោយគ្មាន Ron Pearlman និង Guillermo del Toro ដែលត្រូវបានជំនួសដោយអ្នកដឹកនាំរបស់ "Dog Soldier" និង "Centurion" គឺ Neil Marshall ពួកយើងសង្ឃឹមថាវានឹងនាំយកស៊េរីរឿងមួយនេះត្រឡប់មកវិញ ដែលអាចមានភាពអស្ចារ្យនិងកាន់តែប្លែកភ្នែកក្នុងសម័យកាលដែលពេញនិយមការបង្កើតភាពយន្តពឹងផ្អែកលើសៀវភៅត្លុកនេះ។

ថ្ងៃចាក់បញ្ចាំងទូទៅ៖ 12 មេសា

The Curse of La Llorona

ត្រូវបានស្គាល់ជា "The Curse of the Weeping Woman" ក្នុងតំបន់មួយចំនួន ភាពយន្តមួយនេះនឹងជាភាពយន្តទីប្រាំមួយក្នុងស៊េរីរឿង "The Conjuring" (អ្វីដែលសំខាន់គឺ James Wan ជាផលិតករមួយរូបនៃភាពយន្តនេះ បានលាក់ទុកយ៉ាងសម្ងាត់រហូតដល់ថ្ងៃចាក់បញ្ចាំងលើកដំបូងនៅឯ SXSW)។ ទំនាក់ទំនងរបស់វាពិតជាតូចតាចខ្លាំង ហើយអ្នកដែលមិនបានទស្សនាភាពយន្តរបស់ Wan កាលពីឆ្នាំ 2014 គឺ "Annabelle" ប្រាកដជាមិនអាចមើលដឹងពីទំនាក់ទំនងនេះឡើយ។ យ៉ាងណាមិញ ភាពយន្តមួយនេះនឹងធ្វើឲ្យអ្នកចង់ទៅទស្សនាដោយវានិយាយអំពីខ្មោចស្រីពីតំណាលរឿងព្រេងរបស់មិចស៊ីកូមួយដែលបានបាត់បង់កូនបង្កើតរបស់នាង ហើយកំពុងតាមស្វែងរកក្មេងៗដែលបានវង្វេងដើម្បីយកមកធ្វើជាកូនរបស់នាង។

ថ្ងៃចាក់បញ្ចាំងទូទៅ៖ 19 មេសា

Pet Sematary

បន្ទាប់ពី "It" (និងមិនមែន "Carrie" ឡើយ) បានបង្ហាញឲ្យឃើញថាភាពយន្តពឹងផ្អែកលើសៀវភៅរបស់ Stephen King មួយចំនួនមានអាយុកាលចាស់ល្មមក្នុងការបង្កើតឡើងវិញ មួយក្នុងចំណោមរឿងទាំងនោះដែលមានអ្នកគាំទ្រយ៉ាងច្រើនទទួលបានការបង្កើតឡើងវិញម្តងទៀត។ ខណៈពេលដែលក្រុមគ្រួសារមួយបានផ្លាស់ទីលំនៅទៅជនបទនៃទីក្រុង Maine ពួកគេបានរកឃើញទីតាំងបញ្ចុះសពបុរាណមួយនៅក្នុងព្រៃក្រោយផ្ទះរបស់ពួកគេ។ នៅពេលដែលសោកនាដកម្មមួយបង្ខំឲ្យពួកគេកប់ឆ្មាដែលបានងាប់ទៅនោះ វាបានបើកផ្លូវនៃព្រឹត្តិការណ៍ដ៏កាចសាហាវពីទីតាំងបញ្ចុះសពនោះ។ អ្នកនិពន្ធរឿង Jeff Buhler និង Matt Greenberg ហាក់ដូចជាងាកចេញបន្តិចពីប្រភពរឿងដើម ដោយបានពឹងផ្អែកភាពយន្តនេះទៅលើភាពយន្តដំបូងរបស់វាជាជាងទៅលើសៀវភៅផ្ទាល់។ ប៉ុន្តែនៅទីបំផុតវានឹងអាស្រ័យទៅលើដៃគូអ្នកដឹកនាំ Kevin Kölsch និង Dennis Widmyer ក្នុងការធ្វើឲ្យភាពយន្តមួយនេះមានភាពភ័យខ្លាច និងការសហការរបស់ពួកគេជាមួយ Jason Clarke, Amy Seimetz និង John Lithgow នៃក្រុមតារាសម្តែងដើម្បីធ្វើឲ្យអ្នកប្រុងប្រយ័ត្នពីកន្លែងដែលអ្នកកប់សត្វចិញ្ចឹមរបស់អ្នក។

ថ្ងៃចាក់បញ្ចាំងទូទៅ៖ 19 មេសា

Avengers: Endgame

វាបានមកដល់ហើយ។ បន្ទាប់ពីខ្សែភាពយន្តចំនួន 21 រឿង ខ្សែភាពយន្តដែលត្រូវបានដាក់ចំណងជើងថា "Avengers: Endgame" នឹងធ្វើការបញ្ចប់អ្វីដែលបានចាប់ផ្តើមពិភព Marvel Cinematic Universe ទាំងមូល។ វានឹងកំណត់ចុងបញ្ចប់នៃយុគសម័យមួយ ហើយវាក៏នឹងបង្ហាញពីការចាប់ផ្តើមថ្មីនៃពិភព MCU ផងដែរ។ ជាមួយពាក់កណ្តាលនៃចក្រវាឡត្រូវបានលុបចេញពីអត្ថិភាពបន្ទាប់ពី "Infinity War" វានឹងពឹងផ្អែកលើសមាជិក Avengers ដែលនៅសល់និងការវិលត្រឡប់មកវិញរបស់ Captain Marvel ដើម្បីព្យាយាមស្តារនូវចក្រវាឡទាំងមូលឡើងវិញទៅដូចដើម ប៉ុន្តែតើពួកគេអាចទៅរួចដែរឬទេ? ដៃគូដឹកនាំ Russo Brothers បានលាក់ទុកសាច់រឿងរបស់ "Avengers: Endgame" យ៉ាងជិត ដូចនេះគ្មាននរណាអាចរំពឹងទុកអ្វីមុនបានឡើយ ហើយអ្នកប្រហែលជាត្រូវត្រៀមក្រដាសជូតទឹកភ្នែកសម្រាប់តួអង្គដែលអ្នកនឹងឃើញជាលើកចុងក្រោយក្នុងពិភព MCU។

ថ្ងៃចាក់បញ្ចាំងទូទៅ៖ 25 មេសា

Cinema Online, 01 April 2019


Related Movies:
Avengers: Endgame (25 Apr 2019)
Shazam! (05 Apr 2019)
The Curse Of La Llorona (19 Apr 2019)
Hellboy (12 Apr 2019)
Pet Sematary (04 Apr 2019)

Jwplayer article page COKH (English)

You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes