News

ព្រះមហាក្សត្រ យាងសម្ពោធភាពយន្តរបស់ Angelina Jolie

Writer: Florey DM



កំពូលតារាភាពយន្ត Angelina Jolie កំពុងដឹកនាំរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ»


15 Feb – ខ្សែភាពយន្តដែលមានការទន្ទឹងរង់ចាំយូរដឹកនាំផ្ទាល់ដោយតារាអន្តរជាតិល្បីឈ្មោះ Angelina Jolie រឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ» នឹងលេចមុខជាផ្លូវការនៅឯទឹកដីខេត្តសៀមរាប នាចុងសប្តាហ៍នេះហើយ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងមានការយាងអញ្ជើញជាព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានីខ្មែរ។

ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមនឹងព្រះករុណាព្រះបាទសម្តេចព្រះមហាក្សត្រិយានី នរោត្តម មុនិនាថ សីហនុ អមដំណើរដោយមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល នឹងយាងចូលរួមក្នុងពិធីសម្ពោធភាពយន្តនេះនៅឯឧទ្យានអង្គរ ខេត្តសៀមរាប បើយោងតាមសារពត៌មាន Associated Press ។

ជាការពិត ពុំមែនជារឿងចម្លែកឡើយ ដែលព្រះបាទទ្រង់សីហមុនី មានព្រះរាជវត្តមានក្នុងវិស័យភាពយន្ត ត្បិតព្រះរាជបិតាព្រះអង្គ ព្រះបាទនរោត្តម សីហនុ ទ្រង់ជាអ្នកស្នេហាវិស័យសិល្បៈដ៏ជ្រាលជ្រៅ ជាពិសេសខ្សែភាពយន្តតែម្តង ត្បិតទ្រង់បានយាងចូលរួមក្នុងវិស័យនេះ ទាំងការផលិត ការដឹកនាំរឿង ការតែងសរសេរនិពន្ធ និងការសម្តែងផ្ទាល់ទៀតផង។

អ្នកនាង Jolie ក៏ត្រូវបានរំពឹងថានឹងមានវត្តមានចូលរួមពិធីសម្ភោធភាពយន្តថ្មីនេះដែរ។ គួររំលឹកដែរថា សាច់រឿងនេះ អ្នកនាងដឹកនាំផលិតឲ្យបណ្តាញចាក់ផ្សាយបណ្តុំខ្សែភាពយន្តដ៏ល្បីល្បាញ Netflix ដោយផ្អែកលំនាំតាមសៀវភៅកំណត់ត្រា និងការចងចាំរបស់ជនរងគ្រោះរស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ឈ្មោះ Loung Ong ដែលមានឈ្មោះដូចគ្នានឹងចំណងជើងរឿងដែរ។

យ៉ាងណាមិញ ពុំទាន់មានដំណឹងច្បាស់ការណាមួយ ថាតើ Maddox ដែលជាកូនប្រុសអាយុ១៥ឆ្នាំរបស់អ្នកនាង ដោយបានយកទៅចិញ្ចឹមបីបាច់ពីទឹកដីកំណើតកម្ពុជាតាំងតែពីតូចក្រូចឆ្មារនោះ នឹងមានវត្តមានចូលរួមនៅមាតុប្រទេសខ្លួនដែរឬទេ។ Maddox បានជួយម្តាយខ្លួនផលិតរឿងនេះខ្លះៗផងដែរ បើតាមការសង្កេតឃើញ។

«មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ» នឹងពាំនាំនូវសោកនាដកម្ម ភាពតក់ស្លុត ភ័យខ្លាចរបស់ប្រជាជនក្នុងតំបន់ដែលបានហែលឆ្លងរបបឃោរឃៅខ្មែរក្រហម។ ភាពយន្តនេះបានថតនៅប្រទេសកម្ពុជាផ្ទាល់ ហើយបានផ្តល់ឱកាសឲ្យប្រជាជនខ្មែរដល់ទៅជាង ៥០០នាក់ដើម្បីចូលរួមការផលិត ថត និងសម្តែង។ តួអង្គមួយដ៏គួរឲ្យកត់សម្គាល់ រួមមាន អ្នកប្រដាល់ និងតារាភាពយន្ត កញ្ញា សំ ថារ័ត្ន ដែលថ្មីៗនេះបានចូលរួមសម្តែងក្នុងរឿងខ្មែរបែបវាយដំ លោតផ្លោះមួយដែរ ពោលគឺរឿង "Jailbreak" ។

ក៏នឹងមានការគ្រោងរៀបចំការចាក់បញ្ចាំងជាសាធារណៈដោយឥតគិតថ្លៃ នៅក្បែរទីតាំងពិធីចំនួន ពីរកន្លែងផងដែរនៅខេត្តសៀមរាបនោះ។

រឿង «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ» នឹងចេញផ្សាយនៅលើបណ្តាញ Netflix នៅឆ្នាំនេះហើយ។

(ប្រភពរូបថត: dpa/Jörg Carstense)

Cinema Online, 15 February 2017



You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes