News

ភាពយន្តរបស់ Jolie នឹងតំណាងឲ្យកម្ពុជាសម្រាប់អូស្កា

Writer: Farah Hanis



តារាសម្តែងកុមារី Sareum Srey Moch ដែលបានបង្ហាញខ្លួនជាលើកដំបូងក្នុងខ្សែភាពយន្តមួយនេះ
បានកញ្ឆក់យកបេះដូងទស្សនិកជនជាមួយការសម្តែងរបស់នាងជាតួអង្គឯក។

20 Sep – វាជាផ្លូវការហើយ! ខ្សែភាពយន្ត "First They Killed My Father" របស់ Angelina Jolie ត្រូវបានជ្រើសរើស តំណាងឲ្យប្រទេសកម្ពុជាក្នុងការស្នើដាក់ជាបេក្ខភាពភាពយន្តភាសាបរទេសល្អបំផុត សម្រាប់កម្មវិធីចែកពានរង្វាន់់ Academy Awards។

នេះនឹងកំណត់សម្គាល់លើកទីមួយ ដែលអ្នកដឹកនាំជនជាតិអាមេរិកមួយរូប ត្រូវបានជ្រើសរើសជាអ្នកតំណាងសម្រាប់ប្រទេសមួយផ្សេងក្នុងភាសាមួយផ្សេងទៀត តាមការរាយការណ៏ដោយ Deadline។

"វាពិតជាមានន័យយ៉ាងខ្លាំងសម្រាប់ពួកយើងទាំងអស់គ្នាដែលមានចំណែកចូលរួមក្នុងការផលិតខ្សែភាពយន្តមួយនេះ។ ការសហការធ្វើការជាមួយសិល្បករជាតិដើម្បីធ្វើឲ្យសាច់រឿងមួយនេះរស់រានមានជីវិត ពិតជាបទពិសោធន៏មួយដ៏គួរឲ្យរំភើបនិងរំជួលចិត្តខ្លាំង" Jolie បានឆ្លើយតបទៅកាន់សារពត៌មានមួយនេះ។

ជាមួយការកោតសរសើរតៗគ្នាក្នុងអំឡុងការចាក់បញ្ចាំងលើកដំបូងរបស់វានៅឯកម្មវិធី Telluride និង Toronto Film Festivals ភាពយន្តរបស់ Netflix មួយនេះ ដកស្រង់ចេញពីសៀវភៅជីវប្រវត្តិរបស់សកម្មជន Loung Ung ដែលនិយាយរៀបរាប់ពីខ្សែជីវិតរបស់គាត់ជាទាហានកុមារនៅកម្ពុជាក្នុងអំឡុងរបបខ្មែរក្រហម។

"ពួកយើងកំពុងនៅជាមួយគ្នានៅពេលដែលពួកយើងទទួលបានពត៌មានមួយនេះ ហើយវាពិតជារំជួលចិត្តខ្លាំង។ វាពិតជាដំណើរដ៏វែងឆ្ងាយមួយសម្រាប់ខ្ញុំផ្ទាល់ ហើយខណៈពេលដែលវាជារឿងផ្ទាល់ខ្លួនមួយ វាក៏ជាការឆ្លុះបញ្ចាំងនៃបទពិសោធន៏របស់ប្រជាជនកម្ពុជារាប់លាននាក់ផងដែរ។ ពួកយើងមានមោទនភាពខ្លាំង ដែលនឹងតំណាងឲ្យកម្ពុជាជាបេក្ខភាពក្នុងឆ្នាំនេះ និងអាចចែករំលែកឱកាសមួយនេះជាមួយប្រទេសជាតិទាំងមូល" Ung បាននិយាយ។

ចាក់ផ្សាយនៅទូទាំងពិភពលោកតាមរយៈ Netflix កាលពីថ្ងៃទី 15 កញ្ញា ខ្សែភាពយន្ត "First They Killed My Father" បានធ្វើការចាក់បញ្ចាំងនៅរោងភាពយន្តកម្ពុជារយៈពេលមួយសប្តាហ៏មុន ហើយក៏កំពុងតែនៅចាក់បញ្ចាំងនៅតាមរោងភាពយន្តធំៗទាំងអស់ក្នុងស្រុកផងដែរ។


ឈុតមួយពីខ្សែភាពយន្តដែលបានស្នើដាក់ជាបេក្ខភាពអូស្កាតំណាងឲ្យប្រទេសជប៉ុន គឺ "Her Love Boils Bathwater"។

ជារៀងរាល់ឆ្នាំ បណ្តាប្រទេសនៅទូទាំងពិភពលោកធ្វើការស្នើដាក់ភាពយន្តដែលពួកគេគិតថាជាខ្សែភាពយន្តល្អបំផុតប្រចាំឆ្នាំ ទៅកាន់ Academy of Motion Picture Arts and Sciences (AMPAS) ដែលក្នុងនោះភាពយន្តតែមួយប៉ុណ្ណោះនឹងត្រូវបានជ្រើសយកតំណាងឲ្យប្រទេសនីមួយៗ។

ទោះបីជាបេក្ខភាពសម្រាប់ពានរង្វាន់អូស្កាផ្លូវការ នឹងធ្វើការប្រកាសនៅថ្ងៃទី 23 មករា ឆ្នាំ 2018 ក៏ពិតមែន ការប្រណាំងប្រជែងគ្នាបានចាប់ផ្តើមរួចទៅហើយសម្រាប់ផ្នែកពានរង្វាន់ខ្សែភាពយន្តភាសាបរទេសល្អបំផុត។

រហូតមកទល់ពេលនេះ ខ្សែភាពយន្តស្នើដាក់ទាំងអស់មានចំនួន 48 រឿង រួមមាន ខ្សែភាពយន្ត "By The Time It Gets Dark" ដោយ Anocha Suwichakornpong របស់ប្រទេសថៃ, ខ្សែភាពយន្ត "Father And Son" ដោយ Lương Đình Dũng របស់ប្រទេសវៀតណាម, ខ្សែភាពយន្ត "Her Love Boils Bathwater" ដោយ Ryota Nakano របស់ប្រទេសជប៉ុន និងខ្សែភាពយន្ត "A Taxi Driver" ដោយ Jang Hoon របស់ប្រទេសកូរ៉េខាងត្បូង។

មានប្រទេសមួយចំនួនដូចជា ម៉ាឡេសុី និងសាំងហ្គាពួរ ដែលនៅមិនទាន់ស្នើដាក់ភាពយន្តរបស់ពួកគេសម្រាប់ផ្នែកពានរង្វាន់ខ្សែភាពយន្តភាសាបរទេសល្អបំផុតរបស់កម្មវិធីអូស្កានៅឡើយ។

កម្មវិធីចែកពានរង្វាន់ Academy Awards លើកទី 90 នឹងប្រារព្ធធ្វើនៅឯ Dolby Theatre នៅហូលីវូដទ ទីក្រុង Los Angeles រដ្ឋ California នៅថ្ងៃទី 4 មីនា ឆ្នាំ 2018។

Cinema Online, 20 September 2017


Related Movies:
First They Killed My Father (CIFF) (Khmer) (Not Showing)

You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes