News

ភាពយន្តគំនូរជីវចលផ្តោតលើកម្ពុជាឈ្នះពានរង្វាន់ធំមួយ

Writer: Vong Phal Solysa



"Funan" គឺជាខ្សែភាពយន្តដឹកនាំលើកដំបូងរបស់ Denis Do ដែលត្រូវបានបំផុសគំនិតដោយសាច់រឿងជីវិតផ្ទាល់របស់ម្តាយគាត់ ក្នុងអំឡុងរបបខ្មែរក្រហមនៅប្រទេសកម្ពុជា។

20 Jun – "Funan" ដែលជាខ្សែភាពយន្តគំនូរជីវចលមួយដែលនិយាយអំពីប្រទេសកម្ពុជា ក្នុងអំឡុងរបបខ្មែរក្រហម គឺទទួលបានពានរង្វាន់ធំជាងគេបង្អស់នៅឯកម្មវិធី Annecy International Animation Film Festival លើកទី 42។

ប្រារព្ធទៅចាប់ពីថ្ងៃទី 11 ដល់ 16 មិថុនា ឆ្នាំ 2018 នៅទីក្រុង Annecy ប្រទេសបារាំង កម្មវិធីមហោស្រពភាពយន្តអន្តរជាតិមួយនេះបានបញ្ចប់ទៅជាមួយ "Funan" ដោយបានឆក់យកពានរង្វាន់ធំជាងគេបង្អស់គឺ Cristal សម្រាប់ Feature Film នេះបើផ្អែកតាមរបាយការណ៏របស់ Variety។

ដឹកនាំដោយ Denis Do ខ្សែភាពយន្តគំនូរជីវចលមួយនេះនិយាយរៀបរាប់ពីសាច់រឿង ដោយបានបំផុសគំនិតពីម្តាយរបស់គាត់ផ្ទាល់ ក្នុងអំឡុងរបបប្រល័យពូជសាសន៏ដ៏ឃោរឃៅរបស់ខ្មែរក្រហម ក្នុងព្រះរាជាណាចក្រកម្ពុជា។


"Funan" ផ្តោតទៅលើជីវិតនៃក្រុមគ្រួសារខ្មែរមួយ ដែលជួបទុកលំបាកជារៀងរាល់ថ្ងៃ និងត្រូវទ្រាំទ្រការគៀបសង្កត់ពោរពេញដោយអំពើហឹង្សា ពីសំណាក់របបខ្មែរក្រហមក្នុងជំនាន់ឆ្នាំ 1970។

អ្វីដែលគួរឲ្យចាប់អារម្មណ៏ជាងគេគឺ ខ្សែភាពយន្តមួយនេះដើរតាមដំណើររបស់តួអង្គម្តាយ (តួអង្គដែលពឹងផ្អែកទៅលើម្តាយរបស់ Do ផ្តាល់) ក្នុងការស្វែងរកកូនប្រុសរបស់គាត់បន្ទាប់ពីបានបែកបាក់គ្នាក្នុងអំឡុងពេលជម្លៀសប្រជាជន ចេញពីទីក្រុងដោយប្រើកម្លាំងបាយ ព្រមទាំងអាវុធដោយទាហានរបស់ ប៉ុល ពត ទៅកាន់ជំរុំពលកម្មនៅឯតាមជាយខេត្ត ដែលជាហេតុការណ៏នាំដល់ការរលំនៃទីក្រុងភ្នំពេញនៅថ្ងៃទី 17 មេសា ឆ្នាំ 1975។


អ្នកដឹកនាំផ្នែកសិល្បៈរបស់ "Funan" លោក Michael Crouzat
(ដែលជាអ្នកដើរតួយ៉ាងសំខាន់មួយរូបក្នុងការរចនាគំនូរជីវចលរបស់ "Despicable Me")
បង្ហាញពីរយៈកាលដ៏ខ្មៅងងឹតនៃប្រទេសកម្ពុជា យ៉ាងល្អិតល្អន់ និងផ្តោតសំខាន់ទៅលើភាពស្រស់ស្អាតនៃទេសភាពរបស់ប្រទេសកម្ពុជា។

ខ្សែភាពយន្តគំនូរជីវចលមួយនេះត្រូវបានផលិតក្រោមកិច្ចសហការរវាង ithinkasia studio និង Les Films d'Ici ដែលជាការចាប់ដៃគ្នារវាងបួនប្រទេសគឺ ប៊ែលហ្សិក កម្ពុជា បារាំង និងលុចហ្សំបូរ។

គួរបញ្ជាក់ផងដែរថា សិល្បៈករកម្ពុជាបានទទួលការបង្ហាត់បង្រៀនជាលក្ខណៈស្តង់ដា និងត្រូវបានជ្រើសយកជាផ្លូវការដោយស្ទូឌីយ៉ូដើម្បីផលិតខ្សែភាពយន្តមួយនេះ។

ទោះបីជាមិនទាន់មានគម្រោងចាក់បញ្ចាំងលក្ខណៈអន្តរជាតិនៅឡើយ ពួកយើងសង្ឃឹមថាយើងនឹងមានឱកាសបានទស្សនាខ្សែភាពយន្តគំនូរជីវចលមួយនេះ នៅឯរោងកុននានាក្នុងប្រទេសកម្ពុជា។

Cinema Online, 20 June 2018



You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes