News

"Funan" ជាប់ឈ្មោះក្នុងពានរង្វាន់ច្រើននៅ Emile Awards 2018

Writer: Vong Phal Solysa



"Funan" ជាប់ឈ្មោះជាបេក្ខភាពសម្រាប់ពានរង្វាន់ចំនួនបួននៅឯកម្មវិធី
Emile Awards ឆ្នាំ 2018

12 Nov – ខ្សែភាពយន្តដែលជាប់ឈ្មោះជាបេក្ខភាពសម្រាប់កម្មវិធីប្រចាំឆ្នាំ European Animation Awards (Emile Awards) ត្រូវបានប្រកាសកាលពីពេលថ្មីៗនេះ ហើយគំនូរជីវចលខ្មែរមួយរឿង បានជាប់ក្នុងចំណោមបេក្ខភាពទាំង 90 រឿងសម្រាប់ការប្រកួតទាំង 18ផ្នែក។

ខ្សែភាពយន្តគំនូរជីវចលបែបជីវប្រវត្តិ "Funan" បានជាប់ឈ្មោះសម្រាប់ផ្នែកពានរង្វាន់បួនធំៗ គឺ ការដឹកនាំល្អបំផុតក្នុងខ្សែភាពយន្តខ្នាតធំ ការនិពន្ធសាច់រឿងល្អបំផុតក្នុងខ្សែភាពយន្តខ្នាតធំ ការរចនាផ្ទៃសាច់រឿងនិងតួអង្គល្អបំផុតក្នុងខ្សែភាពយន្តខ្នាតធំ និងការរៀបចំសម្លេងល្អបំផុតក្នុងខ្សែភាពយន្តខ្នាតធំ។

លទ្ធផលនឹងត្រូវធ្វើការប្រកាសក្នុងអំឡុងកម្មវិធីលើកទីពីរនៃ Emile Awards ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 7 ដល់ 8 ខែធ្នូ ឆ្នាំ 2018 នៅឯទីក្រុង Lille ប្រទេសបារាំង។

"Funan" គឺជាស្នាដៃដឹកនាំរឿងដំបូងបំផុតរបស់អ្នកដឹកនាំខ្មែរកាត់បារាំង Denis Do ដែលទទួលបានពានរង្វាន់ផ្សេងៗ ដោយបានឆ្លុះបញ្ចាំងនូវទុក្ខលំបាកដ៏ឈឺចាប់នៃក្រុមគ្រួសារខ្មែរមួយ ក្រោមការជិះជាន់នៃរបបខ្មែរក្រហមក្នុងអំឡុងទសវត្ស 1970s ជាមួយនឹងទេសភាពដ៏ស្រស់ស្អាតនៃតំបន់ជនបទរបស់ប្រទេសកម្ពុជា។

តួអង្គម្តាយត្រូវបានបំផុសគំនិតដោយម្តាយរបស់ Do ផ្ទាល់ដែលបានរស់នៅយ៉ាងលំបាកលំបិនក្នុងអំឡុងរបបប្រល័យពូជសាសន៍ខ្មែរមួយនេះ។


"Funan" ឆ្លុះបញ្ចាំងពីសាច់រឿងដ៏ងងឹតនៃក្រុមគ្រួសារខ្មែរទាំងឡាយក្នុងអំឡុងរបបប្រល័យពូជសាសន៍ខ្មែរនាទសវត្ស 1970s

កាលពីដើមឆ្នាំនេះក្នុងខែមិថុនា "Funan" បានឈ្នះពានរង្វាន់ធំជាងគេបង្អស់នៅឯកម្មវិធី Annecy International Animation Film Festival លើកទី 42 គឺពានរង្វាន់ Cristal for a Feature Film ដែលជាសមិទ្ធផលដ៏អស្ចារ្យ ហើយវាក៏ជាការដឹកនាំខ្សែភាពយន្តខ្នាតធំលើកដំបូងសម្រាប់ Do ផងដែរ។

ចាប់តាំងពីនោះមក ភាពយន្តនេះត្រូវបានចាក់បញ្ចាំងនៅឯកម្មវិធីមហោស្រពភាពយន្តជាច្រើនរួមមាន មហោស្រពភាពយន្ត Champs-Élysées Film Festival និងមហោស្រពភាពយន្ត Mumbai International Film Festival។

គំនូរជីវចលមួយនេះបានឈ្នះពានរង្វាន់ជាច្រើនក្នុងពាក់កណ្តាលដំបូងនៃឆ្នាំ 2018 រួមមានពានរង្វាន់ Audience Award នៅឯមហោស្រពភាពយន្ត War On Screen Festival នៅ Châlons en Champagne, ពានរង្វាន់ Jury's Prize នៅឯមហោស្រពភាពយន្ត Bucheon International Animation Festival នៅកូរ៉េខាងត្បូង, និងពានរង្វាន់ Grand Prize និង Audience Award នៅឯមហោស្រពភាពយន្ត Animation is Film នៅទីក្រុង Los Angeles៕

Cinema Online, 12 November 2018



You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes