News

ភាពយន្តផលិតថ្មីពីសាច់រឿងថៃ "Bad Genius"

Writer: Florey DM




18 May – "Bad Genius" ពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ ដោយទើបនឹងមានការប្រកាសអំពីការផលិតជាភាពយន្តថ្មីមួយទៀតនៃខ្សែភាពយន្តថៃមួយនេះ។

លើកនេះ ភាពយន្តមួយនេះនឹងទទួលបានការផលិតក្នុងភាសាអង់គ្លេស តាមការរាយការណ៍របស់ Deadline។
Erik Feig និង Patrick Wachsberger នឹងចូលរួមអភិវឌ្ឍផលិត និងផ្តល់ដើមទុនសម្រាប់គម្រោងភាពយន្តថ្មីមួយនេះ ក្រោមក្រុមហ៊ុនផលិតរបស់ពួកគេគឺ Picturestart និង Picture Perfect Entertainment។

មិនទាន់មានការបញ្ចេញឈ្មោះអ្នកដឹកនាំរូបណានៅឡើយ ប៉ុន្តែសាច់រឿងនឹងត្រូវបានសរសេរដោយ Eva Anderson។ ភាពយន្តមួយនេះត្រូវបានពិពណ៌នាជាខ្សែភាពយន្តព្រឺព្រួចដែលពោរពេញដោយភាពតានតឹង និងគ្រោះថ្នាក់ដែលដើរតាមក្រុមសិស្សវិទ្យាល័យពោរពេញដោយគំនិតសហគ្រិនមួយក្រុម ខណៈពេលដែលពួកគេធ្វើការរួមគ្នាដើម្បីផ្តួលរលំប្រព័ន្ធទទួលពាក្យចូលរៀនមហាវិទ្យាល័យដែលមានភាពពុករលួយនោះ។

សិទ្ធិផលិតភាពយន្តមួយនេះត្រូវបានទិញយកតាំងពីមុនមានការផ្ទុះព័ត៌មានអំពីរឿងអាស្រូវទទួលពាក្យចូលរៀនមហាវិទ្យាល័យដែលពុំមានភាពយុត្តិធម៌នៅសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្នមកម្ល៉េះ។

កាលពីឆ្នាំទៅ ការផលិតភាពយន្តថ្មីមួយសម្រាប់ "Bad Genius" ត្រូវបានប្រកាស ប៉ុន្តែវាជាភាពយន្តភាសាហិណ្ឌីដែលនឹងត្រូវបានកាន់ដៃចង្កូតដោយអ្នកដឹកនាំភាពយន្តបូលីវីដគឺលោក Neeraj Pandey។

ភាពយន្ត "Bad Genius" ដើម ដែលត្រូវបានដឹកនាំដោយ Nattawut Poonpiriya បានជាប់ចំណាត់ថ្នាក់លេខមួយក្នុងអាទិត្យដំបូងកាលពីខែឧសភាឆ្នាំ 2017 នៅឯតារាងលក់សំបុត្រកុនថៃ ហើយបានបន្តក្លាយជាខ្សែភាពយន្តរកចំណូលបានច្រើនជាងគេបង្អស់ក្នុងប្រទេសថៃក្នុងឆ្នាំនោះ។ វាបានឈ្នះពានរង្វាន់យ៉ាងច្រើនទាំងក្នុងប្រទេសនិងក្រៅប្រទេស ហើយថែមទាំងបានបំបែកកំណត់ត្រាជាមួយការឈ្នះពានរង្វាន់ចំនួន 12 ផ្នែកនៅឯកម្មវិធី Suphannahong National Film Awards លើកទី 27 ទៀតផង។

ក្រោយពីបាត់មុខមួយរយៈតាំងពី "Bad Genius" លោក Nattawut Poonpiriya នឹងត្រឡប់មកវិញជាមួយភាពយន្តអំពីព្រឹត្តិការណ៍សង្គ្រោះពីរូងភ្នំថៃកាលពីឆ្នាំ 2018 ដែលគាត់កំពុងធ្វើការជាមួយអ្នកដឹកនាំហូលីវូដ Jon M. Chu។

Cinema Online, 18 May 2019


Related Movies:
Bad Genius (Khmer) (13 Jul 2017)

Jwplayer article page COKH (English)

You May Also Like:
To read this article in English, click HERE

Related Links:
Showtimes